ក្រុមហ៊ុន​បច្ចេកវិទ្យា​ដឹក​អ្នក​ដំណើរ ​Uber​ របស់​​អាមេរិក​ប្រកាស​បើក​​អាជីវកម្ម​ជា​ផ្លូវការ​នៅ​កម្ពុជា​

0
21

ភ្នំពេញ —បន្ទាប់​ពី​បាន​ដំណើរការ​សាកល្បង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មួយ​រយៈ​ ក្រុមហ៊ុន​ដឹកជញ្ជូន​ Uber​ ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា។​ សេវាកម្ម​សាមញ្ញ​របស់​ Uber​ គឺ​ចុង​ប៊ូតុង​លើ​ទូរស័ព្ទ​ដៃ​ រួច​ធ្វើ​ដំណើរ។

​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ Uber ​របស់​សហរដ្ឋ​អាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បើក​ដំណើរការជា​ផ្លូវការ​នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ក្លាយ​ជា​ប្រទេស​ទី​៧៨​ ក្នុង​ពិភពលោក​ ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​សេវា​ដឹក​ជញ្ជូន​ថ្មី​នេះ។​

លោក​ Brooks Entwistle ​នាយក​គ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន​ Uber ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវា​កម្ម​ដឹក​ជញ្ជូន​របស់​ខ្លួន​ ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ថា​ Uber ​នឹង​មាន​វត្តមាន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​សម្រាប់​ជំហាន​ដំបូង​នៃ​អាជីវកម្ម​របស់​ខ្លួន។​

«យើង​កំពុង​ចាប់​ផ្តើម​ដំណើរការ​នៅ​ទី​ក្រុង​ភ្នំពេញ​នេះ។​ យើង​ផ្តោត​ទៅ​លើ​ក្រុង​ភ្នំពេញ​ ដែល​ជា​ទី​ក្រុង​របស់​កម្ពុជា។​ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ នៅ​រាល់​ទីក្រុង​ដែល​យើង​ចាប់​ផ្តើម​ គឺ​យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​បាន​ផ្តល់​សេវាកម្ម​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ និង​ឱកាស​សម្រាប់​អ្នក​បើកបរ​ ហើយនិង​ដំណោះ​ស្រាយ​ល្អ​បំផុត​ ដែល​យើង​អាច​ផ្តល់​បាន​ ​នៅ​មុន​ពេល​យើង​គិត​អំពី​ថា តើ​កន្លែង​ណា​ទៀត​ដែល​យើង​ត្រូវ​ទៅ​នោះ?​ ដូច្នេះ​ សម្រាប់​ពេល​នេះ​ យើង​ផ្តោត​ទាំង​ស្រុង​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​យើង​មាន​ក្តី​រំភើប​ណាស់​ ហើយ​ត្រៀម​រួចរាល់​សម្រាប់​ដំណើរការ​ក្នុង​ទីក្រុង​ភ្នំពេញ»។

បុគ្គលិក​របស់​ក្រុមហ៊ុន​ Uber ​ឈរ​ក្នុង​កន្លែង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា Uber នៅ​រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ ​កាលពីថ្ងៃ​ទី២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

ក្រុមហ៊ុន​ Uber ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ រដ្ឋ​កាលីហ្វ័រញ៉ា​ (California)​ ​សហរដ្ឋ​អាមេរិក ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្តល់​សេវាកម្ម​ ridesharing (ឬ​ការ​ចែក​គ្នា​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ) ដើម្បី​ដឹកជញ្ជូន​នៅ​ក្នុង​ទីក្រុង​ចំនួន​ជាង​ ៦០០​ ​នៅ​ទូទាំង​ពិភពលោក។​

សេវាកម្ម​ ridesharing ​(ឬ​ការ​ចែក​គ្នា​ចំណាយសម្រាប់​ការ​ធ្វើ​ដំណើរ)​ ​ត្រូវ​បាន​បង្កើត​ឡើងដោយ​ស្ថាបនិក​របស់​ក្រុមហ៊ុន Uber ​ បន្ទាប់​ពី​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​នេះ​ ជួប​បញ្ហា​លំបាក​ក្នុង​ការ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០០៨។​ ក្រុមហ៊ុន​ Uber ​ក៏​បាន​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១០​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Brooks Entwistle ​នាយក​គ្រប់គ្រង​អាជីវកម្ម​ ក្រុមហ៊ុន​ Uber។

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ជា​រៀងរាល់​ខែ​ Uber​ មាន​ភ្ញៀវ​អ្នកដំណើរ​ជាង​ ៦៥​លាន​នាក់​ ហើយ​ក្រុមហ៊ុន​នេះ​ មាន​អ្នកបើកបរ​ដៃគូ​សកម្ម​ប្រមាណ​ ២លាននាក់​ នៅ​ទូទាំង​ពិភពលោក។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ William A. Heidt​ ​បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ Uber ​ថា​ ទីក្រុង​ភ្នំពេញ​ ក៏​ដូច​ជា​បណ្តា​ទីក្រុង​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ បាន​ប្រឈម​នឹង​បញ្ហា​ស្ទះ​ចរាចរ​ ដោយសារ​តែ​កំណើន​យានយន្ត​ ហេតុ​ដូច្នេះ​ Uber នឹង​ជួយ​បំពេញ​មធ្យោបាយ​ដែល​មាន​ស្រាប់​ សម្រាប់​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​នេះ។​

«ទីក្រុង​នៅ​ទូទាំង​អាស៊ី​ក្នុង​នោះ​មាន​ទី​ក្រុង​ភ្នំពេញ​ កំពុង​បន្ថែម​រថយន្ត​រាប់​សិប​ពាន់គ្រឿងនៅ​លើ​ផ្លូវ​នានា​ជា​រៀងរាល់​ឆ្នាំ។ សម្ពាធ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បរិស្ថាន​ក្នុង​ទីក្រុង​ជា​ច្រើន​ បាន​កើន​កាន់​តែ​ខ្លាំង។​ បច្ចេកវិទ្យា​ Uber ​កំពុង​ផ្តល់​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនេះ​ ដោយ​ការ​ផ្តល់​នូវ​មធ្យោបាយ​ឆ្លាត​វៃ​ជាង​មុន​នៃ​ការ​ដឹកជញ្ជូន​ ជាមួយ​នឹង​ឡាន​មាន​ចំនួន​តិច​ ដឹក​មនុស្ស​បាន​ច្រើន​ ដែល​បាន​បំពេញ​បន្ថែម​លើ​ប្រព័ន្ធ​ដែល​មាន​ស្រាប់»។

យោង​តាម​របាយការណ៍​របស់​កាសែត​ The New York Times ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា​ បាន​ឲ្យ​ដឹង​ថា​ Uber​ ដែល​បាន​ប្រមូល​ទុន​ពី​អ្នក​វិនិយោគ​ជាង​១.៤​លានដុល្លារ​ ក្រោយ​ការ​បង្កើត​ក្រុមហ៊ុន​ ​តាំង​ពី​ឆ្នាំ​ ​២០០៩​ ​មាន​ម្ចាស់​ភាគហ៊ុន​ជាច្រើន។ អ្នក​វិនិយោគ​របស់ ​Uber ​រួម​មាន​ក្រុម​ហ៊ុនTPG Capital​ ​មូលនិធិ​វិនិយោគ​សាធារណៈ​របស់​ប្រទេស​ Saudi Arabia​ ​និង​អតិថិជន​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ស្តុកស្តម្ភ​របស់​ក្រុមហ៊ុន​ជាច្រើន​ដូច​ជា​ ​ក្រុម​ហ៊ុន​ ​Morgan Stanley ​និង​ក្រុមហ៊ុន​ ​Goldman Sachs។​

លោក​ឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិក​ William Heidt បាន​សាកល្បង​រថយន្ត​ដែល​ជា​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ Uber ​នៅរាជធានីភ្នំពេញ​ ប្រទេស​កម្ពុជា ​កាលពីថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)​

លោក​ ផែង​ សុវិជ្ជានោ​ ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ​បាន​ទទួល​ស្គាល់​ថា​ បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ ​Uber​ ​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ចំនួន​យានយន្ត​នៅ​លើ​ផ្លូវ​ កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្សេងៗ​លើ​បរិស្ថាន​ បង្កើន​ជម្រើស​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ប្រជាជន​ ដែល​រស់​នៅ​ ធ្វើការ​និង​ទស្សនា​កម្ពុជា​ ហើយ​ផ្តល់​ឱកាស​រកចំណូល​ដល់​ម្ចាស់​យានយន្ត​ឯកជន។​ លោក​ថ្លែង​បន្ថែម​ថា​ ការ​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម ​Uber​ នេះ​ បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​ថា​ កម្ពុជា​ ជា​ប្រទេស​ដែល​ស្វាគមន៍​បច្ចេកវិទ្យា​ថ្មីៗ។

​រដ្ឋលេខាធិការ​រូប​នេះ​បញ្ជាក់​ថា៖​

«ប្រទេស​កម្ពុជា​ បើក​ចំហ​ទទួល​យក​បច្ចេកវិទ្យា​ និង​អាជីវកម្ម​ថ្មីៗ​ និង​គំនិត​ថ្មីៗ។ ជា​លទ្ធផល​ កម្ពុជា​នឹង​ទទួល​ផល​ប្រយោជន៍​ជាច្រើន​ពី​បទពិសោធន៍​របស់​ Uber ​ក្នុង​ប្រទេស​ជាច្រើន»។

តាម​ការ​ពន្យល់​របស់​អ្នក​ជំនាញ​ក្នុង​ក្រុមហ៊ុន Uber ​អ្នក​ដែល​ចង់​បាន​សេវាកម្ម​ពី​ក្រុមហ៊ុន​នេះ​ ត្រូវ​ដំឡើង​ ​App​ ឬ​កម្មវិធី​ប្រើ​ក្នុង​ទូរស័ព្ទ​ សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ម្ចាស់​រថយន្ត។ អ្នក​បើកបរ​រថយន្ត​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ Uber សុទ្ធ​តែ​ត្រូវ​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ត្រឹមត្រូវ​ ហើយ​ជា​អ្នក​មាន​ប័ណ្ណ​បើកបរ​ស្រប​តាម​ច្បាប់​ប្រទេស​កម្ពុជា។​

លោក​ បាន ហេង​ ​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ Uber​ និយាយ​ថា​ Uber​ បាន​ផ្តល់​ចំណូល​បន្ថែម​ទៀត​ លើ​ការងារ​ដែល​លោក​មាន​ស្រាប់​ ​ហើយ​ថា​ ​ម្ចាស់​រថយន្ត​ដទៃ​អាច​ពិចារណា​ចូលរួម​ជាមួយ​ Uber ​រក​ប្រាក់​ចំណូល​ជា​ជាង​ទុក​រថយន្ត​ខ្លួន​ឲ្យ​នៅ​ទំនេរ​ចោល។​

«Uber ​ល្អ​មែន​ទែន​សម្រាប់​ខ្ញុំ​ សម្រាប់​ទាំង​ចំណូល​បន្ថែម​ ហើយ​ក៏​វា​នឹង​អាច​ជា​ល្អ​សម្រាប់​បងប្អូន​មួយ​ចំនួន​ផ្សេង​ទៀត​ ដែល​គាត់​ចង់​រកចំណូល​បន្ថែម​ ហើយ​គាត់​មាន​ឡាន​ គាត់​ទុក​ទំនេរ​ចោល​ ហើយ​គាត់​ចង់​រកចំណូល​បន្ថែម។ គាត់​អាច​នឹង​បាន​បទពិសោធន៍​ថ្មីៗ​ ពី​ Uber ​ផង​ដែរ​បាទ»។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ Uber នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ ក្រុមហ៊ុន ​Uber​ ​និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ (MOU)​ ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ ក្នុង​ការ​ជំរុញ​បច្ចេកវិទ្យា​ និង​ shared mobility (ឬ​ការ​ចល័ត​រួម​គ្នា)​ ​ដើម្បី​បម្រើ​សេវាកម្ម​ដល់​ប្រទេស​កម្ពុជា​ និង​ប្រជាជន​ក្នុង​ប្រទេស​នេះ៕ ប្រភព៖ VOA

Source: technology-news @ksn

Comments