ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​អាច​រង​ពិន័យ​ពី​ការ​ផលិតឡាន​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង

0
17

ចាប់​ពី​ឆ្នាំ​២០៤០​ទៅ ក្រុង​ធំៗ​របស់​អឺរ៉ុប​ជា​ច្រើន នឹង​ហាមឃាត់​មិន​ឱ្យ​មាន​រថយន្ត​ប្រើ​ម៉ាហ្ស៊ូត​និង​សាំង​ធ្វើ​ចរាចរណ៍​ទៀត​ទេ។ ក្នុង​ពេល​រង់ចាំ​នេះ ក្រុមហ៊ុនឧស្សាហកម្ម​ មាន​កាតព្វកិច្ច​​​ផលិត​ឡានដោយ​កំរិត​ការ​​បញ្ចេញ​​ផ្សែង​ពុល។ ការ​ពិន័យ​នឹង​ចាប់​ផ្តើម​ ចាប់​ពី​ឆ្នាំ​២០២១​ទៅហើយ។​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន មាន​ជា​អាទិ៍​ក្រុមហ៊ុន Wolkswagen ឬ Fiat Chrysler​ ។ល។ អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ ជា​ប្រាក់​ដល់​ទៅ​រាប់​ពាន់​លាន​អឺរ៉ូ ពី​បទ​មិន​គោរព​កំរិត​នៃ​ការ​បញ្ចេញ​ផ្សែងពុល​កាបូនិក​ កំណត់​ដោយ​អាជ្ញាធរ​សហភាព​អឺរ៉ុប។

នៅក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ចំនួន ១១ មាន​តែ​បួន​ប៉ុណ្ណោះ ដែល​បាន​គោរព​ និង​អនុវត្ត​បាន តាម​បទ​បញ្ជា​អឺរ៉ុប ក្នុង​ការ​កំរិត​ការ​បញ្ចេញ​​ផ្សែង​ពុល​​របស់​​រថយន្ត​​។ នោះ​គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអ៊ែត វ៉ុលវ៉ូ ក្រុមហ៊ុន​តូយ៉ូតា​ជប៉ុន និង​ក្រុមហ៊ុន​កូន​កាត់​បារាំង​ជប៉ុន រឺណូ និសាន់ ព្រមទាំង Jaguar Land Rover របស់​ក្រុមហ៊ុន​ឥណ្ឌ តាតាម៉ូទ័រ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២២​កញ្ញា​២០១៧។

អឺរ៉ុប​បាន​អនុម័តបទ​បញ្ជា​មួយ​កាលពី​ឆ្នាំ​២០១៤ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត ដែល​បញ្ចេញ​ផ្សែង​ ត្រឹម​កំរិត ៩៥​ក្រាម​ ក្នុង​ចម្ងាយ​១​គីឡូម៉ែត្រ ចាប់​ពី​ឆ្នាំ​២០២១​ទៅ ទល់​នឹង​១៣០​ក្រាម សម្រាប់​រថយន្ត​ផលិត​នៅ​ឆ្នាំ​២០១៥ ប្រសិន​បើ​ពួក​គេ​ចង់​​ប្រកួត​ប្រជែង​លើ​​ទីផ្សារ​រថយន្ត​របស់​សហភាព។ បើ​ក្រុមហ៊ុន​មិន​អាច​ផលិត​ឡាន​បាន​ដូច​ការ​កំណត់​ទេ នោះ​ក្រុមហ៊ុន​ត្រូវ​បង់​ពិន័យ​ជា​ប្រាក់ ៩៥​អឺរ៉ូ សម្រាប់​រថយន្ត​មួយ​គ្រឿង និងក្នុង​​មួយ​ក្រាមលើស​លើស​។

បើ​គិត​តាម​តម្លៃ​កំណត់​របស់​អឺរ៉ុបទៅ​ មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ភាគ​ច្រើន ត្រូវ​រង​ការ​ផាក​ពិន័យ ជា​ពិសេស​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​ច្រើន​តែ​ផលិត​ឡាន​​ម៉ាស៊ីន​ធំ និង​ដែល​បញ្ចេញ​ផ្សែង​ច្រើន ជាង​ឡាន​តូច។ នេះ​បើ​តាម​របាយការណ៍​ដដែល ដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​អាល្លឺម៉ង់ BMW Wolkswagen Daimler ក្រុមហ៊ុន​អាមេរិក​ Ford ក្រុមហ៊ុន​អ៊ីតាលី​កាត់​អាមេរិក Fiat Chrysler ក្រុមហ៊ុន​បារាំង PSA ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai សុទ្ធ​តែ​នឹង​ត្រូវ​ប្រឈម​ការ​ពិន័យ​ទាំង​អស់ ព្រោះ​មិនអាចអភិវឌ្ឍន៍​បច្ចេកវិទ្យា​ផលិត​ឡាន​​បញ្ចុះ​កំរិត​នៃ​បញ្ចេញ​ផ្សែងពុល​បាន​​ទាន់​ពេល​វេលា​តម្រូវ។

​តម្លៃ​ផាក​ពិន័យ​អាច​ឡើង​ដល់​រាប់​ពាន់​លាន​អឺរ៉ូ​ឯណោះ។ ក្រុមហ៊ុន​វ៉ុលវ៉ាហ្កែន អាច​បង់​ពិន័យទៅ​ឱ្យ​សហភាព​អឺរ៉ុប ​ដល់​ទៅ ១៧០០​លាន​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ច្រើនឡើងៗ​បាន​ងាក​ទៅ​អភិវឌ្ឍន៍បច្ចេវិទ្យា​អ៊ីប្រ៊ីត​​​ និង​ចាប់​ផលិត​រថយន្ត ​​ប្រើ​ថាមពល​អគ្គិសនី ដែល​បញ្ចេញ​ផ្សែង​តិច​ជាង​ឡានម៉ាហ្ស៊ូត និង​ឡាន​ប្រើ​សាំង ហើយ ប៉ុន្តែ​រៀង​យឺត​ពេល​បន្តិច ​បើ​ប្រៀប​ទៅ​កាល​បរិច្ឆេទ​ឆ្នាំ​២០២១ សម្រាប់​ការ​គណនា​បរិមាណ​​បញ្ចេញ​ឧស្ម័ន​កាបូនិក កំណត់​ដោយ​សហភាព​អឺរ៉ុប៕ ប្រភព៖ RFI

Source: technology-news @ksn

Comments