ចាប់​ហ្វ្រាំង​មិន​ស៊ី​រថយន្ត​បុក​គូទ​បន្តកន្ទុយ​គ្នា

0
16

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កូរ៉េ​ដឹក​កម្មករ​សំណង់​ប្រុស​ស្រី​ជា​ច្រើន​នាក់ និង​សណ្តោង​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង​ពីក្រោយ ចាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​ពីក្រោយ បណ្តាល​ឲ្យ​រថយន្ត​នោះ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ហាណូយ កែង​និង​ផ្លូវ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២l-១៦០៥ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ចំណុះ​១​តោន មាន​សណ្តោង​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង​ពីក្រោយ​ផង​ដែរ បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ពីក្រោយ​កម្មករ​សំណង់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត ។ ចំណែកឯ​រថយន្ត​រង​គ្រោះ​ទី​មួយ​ពណ៌​កាប់​ស្តាំ​ង ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៥១៦៦ បើកបរ​ដោយ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ ។ និង​រថយន្ត​រង​គ្រោះ​ទី​ពីរ​ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ ២C-៣៧៣៨ បើកបរ​ដោយ​ស្ត្រី​ម្នាក់​វ័យ​២៥​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ទី​ពីរ​បើក​ខាង​មុខ​រថយន្ត​រង​គ្រោះ​ទី​មួយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បន្ថយល្បឿន​យឺត​ៗ ស្រាប់តែ​មាន​រថយន្ត​បង្ក​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​មធ្យម ទើបតែ​បើក​ចេញ​មក​ពី​ការដ្ឋាន​នៅ​ម្តុំ​បឹង​បា​យ៉ាប បំណង​បើក​ត្រលប់​ទៅ​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ហ្វ្រាំងរថយន្ត​បង្ក​មិនសូវ​ស៊ី ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​រង​គ្រោះ​ទី​មួយ​ពីក្រោយ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​យឺត​ៗ បណ្តាល​ឲ្យ​រថយន្ត​រង​គ្រោះ​ទី​មួយ​រង​ការ​ខូចខាត​កំ​ពឹត​កាង​ខាងក្រោយ​បន្តិចបន្តួច និង​បែក​ចង្កៀង​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចំណែក​រថយន្ត​រង​គ្រោះ​ទី​មួយ​ក៏​បន្ត​ទៅ​បុក​គូទ​រថយន្ត​រង​គ្រោះ​ទី​ពីរ​ពីក្រោយ បណ្តាល​ឲ្យ​កំ​ពឹត​កាង​ខាងក្រោយ​ចំហៀង​ខាងស្តាំ តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ឲ្យ​ភាគី​ទាំង​សងខាង​និយាយ​ចរចា​សម្រុះ​ស​ម្រួ​ស​គ្នា ដោយ​ខាង​ម្ចាស់​រថយន្ត​បង្ក​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​បាន​សង​សំណង​ទៅ​ម្ចាស់​រថយន្ត​រង​គ្រោះ​ទី​ពីរ​ចំនួន​៥០​ដុល្លារ និង​សង​ទៅ​រថយន្ត​រង​គ្រោះ​ទី​មួយ​ចំនួន​៣១​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​ហេតុ ៕

The post ចាប់​ហ្វ្រាំង​មិន​ស៊ី​រថយន្ត​បុក​គូទ​បន្តកន្ទុយ​គ្នា appeared first on Koh Santepheap Daily.

Source: service-news

Comments