អត់​លុយ​ទិញ​បាយ បែកគំនិត​លួច​មួក ម្ចាស់​គេ​តាម​ទាន់​វាយ​បែកក្បាល

0
9

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​អត់​លុយ​ទិញ​បាយ​ហូប បែកគំនិត​លួច​មួក​សុវត្ថិភាព ត្រូវ​ម្ចាស់​តាម​ទាន់​វាយ​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៩៣ នៅ​ចំណុច​មុខ​ផ្ទះ​៤៣៣ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។
ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ធី ប៉ិច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​វត្ត​កោះ ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​លេខ​៤៣៣ បាន​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ស ហើយ​បាន​ទុក​មួក​សុ​វត្ដិភាព​នៅ​ជាប់​ជាមួយនឹង​ម៉ូតូ រួច​ក៏​ដើរ​ចូល​ផ្ទះ​បាន​មួយសន្ទុះ ក្រោយមក​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ បាន​ដើរមក​ពី​វត្ត​កោះ រួច​ឆ្លៀតឱកាស​ម្ចាស់​គេ​អត់​នៅ ក៏​ធ្វើ​សកម្មភាព​លួច​មួក​សុវត្ថិភាព សំណាងអាក្រក់​ត្រូវ​ម្ចាស់​ម៉ូតូ​មើល​តាម​កា​ម៉ា​រ៉ា​សុវត្ថិភាព​ឃើញ ក៏​ស្ទុះ​រត់​ចេញ​មក ហើយ​ស្រែ​កថា​ចោរ​ៗ ទើប​ជនសង្ស័យ​ដឹងខ្លួន ហើយ​រត់​ចេញពី​កន្លែង​កើតហេតុ​ឡើង​ទៅ​ផ្លូវ​២១៤​កែង​ផ្លូវ​១០៥ ក៏​ត្រូវ​ម្ចាស់​គេ​ចាប់​បាន​រួម​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ខឹង​ខ្លាំង​ពេក ក៏​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​បែកក្បាល ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលឹត យក​ទៅ​សួរនាំ ។

បើ​តាម​សម្ដី​របស់​ជនសង្ស័យ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​បែកគំនិត​លួច​មួក​សុវត្ថិភាព គឺ​មក​ពី​ខ្លួន​អត់​លុយ​ទិញ​បាយ​ហូប ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បឹង​ព្រលឹត ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

The post អត់​លុយ​ទិញ​បាយ បែកគំនិត​លួច​មួក ម្ចាស់​គេ​តាម​ទាន់​វាយ​បែកក្បាល appeared first on Koh Santepheap Daily.

Source: service-news

Comments