ប្រទះឃើញ​ចម្លាក់​បដិមា​ដ៏​ធំ​មួយ នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ខាងជើង​ក្រុង​អង្គរធំ

0
6

សៀមរាបៈ នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ ស្វែងយល់​ពី​មន្ទីរពេទ្យ កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ អ្នកស្រាវជ្រាវ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី បាន​ប្រទះឃើញ​បដិមា​ដ៏​ធំ​មួយ ដែល​សន្និដ្ឋាន​ជាបឋម​ថា ជា​ទ្វារបាល។ ការប្រទះឃើញ​នេះ ស្ថិតនៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ខាងជើង​ក្រុង​អង្គរធំ ប្រហែល១គីឡូម៉ែត្រ ។

តាម​ការវាស់វែង បដិមា​នេះ​មាន​កម្ពស់១,៩០ម៉ែត្រ និង​ស្មា​ទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុង​រចនាបទ​បាយ័ន។ បដិមា​នេះ កំបុត​ដៃ​ទាំងពីរ​ត្រឹម​ស្មា កំបុត​ជើង​ស្តាំ​ត្រឹម​កជើង និង​ជើងឆ្វេង​ត្រឹម​គល់ភ្លៅ។ ចំណែក​ដងខ្លួន និង​ព្រះ​កេស នៅមាន​ក្បាច់ចម្លាក់​សម្លៀកបំពាក់ និង​ក្បាំង​សក់ នៅ​ស្អាត​ទាំងអស់។ បដិមា​នេះ កប់​ជ្រៅ​ក្នុង​ដី ប្រមាណ​ត្រឹម៤តឹក​ប៉ុណ្ណោះ ក្នុងពេល​អ្នកស្រាវជ្រាវ ធ្វើ​កំណាយ​រកឃើញ ដោយ​ដេក​ផ្ងារពោះ បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​នេះ។

លោក ខៀន ច័ន្ទ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ការដ្ឋាន​កំណាយ​នេះ បញ្ជាក់ថា វា​ជាការ​ប្រទះ​ដោយ​ចៃដន្យ ក្នុងពេលដែល​ក្រុមការងារ​ធ្វើ​កំណាយ ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​រចនាសម្ព័ន្ធ នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត។ ការប្រទះឃើញ​ចម្លាក់ ដ៏​ធំ​នេះ​ក៏​ចាត់​ថា ជា​សំណាងល្អ​មួយ ដែល​អាច​ឲ្យ​យើង​យកទៅ​រក្សាទុក ក្នុង​ទីកន្លែង​សមរម្យ ហើយ​ងាយស្រួល សម្រាប់​អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត។

បន្ទាប់ពី​អ្នកជំនាញ ធ្វើ​កំណត់ត្រា​រួចរាល់ បដិមា​នេះ នឹងត្រូវ​យកទៅ​តម្កល់ទុក ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង ព្យាបាល​ផ្នែក​ខ្លះ ជាពិសេស គឺ​ការយក​ជាតិ​អំបិល​ចេញ​ដើម្បី​កុំ​ឲ្យ​មានការ​ខូចគុណភាព​ថ្ម ឬ​រង​ប្រតិកម្ម នៅពេលដែល​ចម្លាក់ ត្រូវដាក់​តាំង​ក្នុង​លំហ​បរិ​យាស​ថ្មី។ លើសពីនេះ​ទៀត បដិមា​នឹងត្រូវ​ដាក់តាំង​បង្ហាញ​សម្រាប់​ភ្ញៀវទេសចរ បាន​ចូល​ទស្សនា។

តាម​ការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមា​នេះ ស្ថិតក្នុង​រចនាបថ​បាយ័ន និង​អាចជា​ទ្វារបាល នៃ​មន្ទីរពេទ្យ​នេះ​ផ្ទាល់​តែម្តង មិនមែន​មកពី​កន្លែង​ផ្សេង​នោះទេ។ ទោះជា​យ៉ាងណា លោក​មិនទាន់​អាច​បញ្ជាក់ អំពី​ការតាំង​រូប​របៀបនេះ មាននៅ​ក្នុង​មន្ទីរពេទ្យ​បុរាណ​ទាំងអស់ ឬ​យ៉ាងណា​នោះទេ គឺ​ស្ថិតក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅឡើយ។ តែ​ចំពោះ​ការរៀបចំ​រដ្ឋបាល នៃ​មន្ទីរពេទ្យ​បុរាណ​វិញ តាម​សិលាចារឹក ដែល​អ្នកស្រាវជ្រាវ បាន​រកឃើញ គឺ​ដូចគ្នា​ទាំងអស់ គ្រប់​មន្ទីរពេទ្យ ដូចជា ការកំណត់​ចំនួន​គ្រូពេទ្យ តម្រូវការ​សម្រាប់​មន្ទី​រ​ពេទ្យ  និង​ការផ្គត់ផ្គង់​ថ្នាំ​ជាដើម។

សូមបញ្ជាក់ថា គម្រោង​ស្រាវជ្រាវ មន្ទីរពេទ្យ​ទន្លេ​ស្ងួត ក្នុង​ជំហាន​ទី១ ដែល​ផ្តោតលើ​ការសិក្សា អំពី​ផ្នែក​ខាងមុខ​នៃ​មន្ទីរពេទ្យ ដែលមាន​ទំនាក់ទំនង រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​ខឿន​នៃ​មន្ទីរពេទ្យ ចាប់ផ្តើម​ពីថ្ងៃ​ទី២៨ ខែកក្កដា ដល់​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០។ ក្រោយ​បញ្ចប់​គម្រោង​នេះហើយ អ្នកស្រាវជ្រាវ​នឹង​បន្ត​គម្រោងថ្មីៗទៀត ដែល​នឹងសិក្សា​អំពី​ទីតាំងសំខាន់ៗ នៃ​អាគារ​មន្ទីរពេទ្យ ដែល​សង់​ពី​ឈើ ហើយ​បាន​ខូចខាត​បាត់​ស្លាកស្នាម​អស់ និង​បើសិនជា​អាច ក្រុម​ស្រាវជ្រាវ មានបំណង​ស្វែងរក​ទីតាំង​ចោល សំណាក​ថ្នាំ​ដែល​ប្រើប្រាស់​រួច ដើម្បី​យក​សំណាក​ទាំងនោះ ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យបុរាណ។ ប៉ុន្តែ​នេះ​ជា​ដំណើរ​វែងឆ្ងាយ ត​ទៅមុខទៀត សម្រាប់​អ្នកស្រាវជ្រាវ៕

 

Source: national-news

Comments