បុរស​ម្នាក់ យក​ដែកឆាប​មកចាក់​លើ​គូទំនាស់​គ្មាន​ប្រណី​ដៃ ប៉ូលិស​ឃាត់ខ្លួន

0
260

កណ្តាល ៖ ឃាត់ខ្លួន​កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង៦ និង១០នាទី​នៅ​ចំណុច​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល។

ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ធឿន ថែ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ស្វាយ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។

ចំណែក​ជនសង្ស័យ ឈ្មោះ ខា ឃាង ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។ វត្ថុតាង​ចាប់យក ដែក​ចុង​ស្រួច (ដែកឆាប) ប្រវែង ០៩ ស.ម មាន​ដង​ឈើ​ប្រវែង ០៩ ស.ម។

នៅ​មុនពេល​កើតហេតុ​ខាងលើ ជនសង្ស័យ ខា ឃាង បាន​ផឹក​ស្រាស ជាមួយ​មិត្តភក្ដិ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឈាង ឡេង ក្នុងភូមិ​កើតហេតុ​ខាងលើ។ ក្រោយពេល​ផឹកស្រា​ស​អស់​ប្រមាណ​ជា ០៤ លីត្រ ស្រាប់​មានឈ្មោះ តែម និង​ជនរងគ្រោះ​ឈ្មោះ ធឿន ថែ បាន​ដើរ​ចូលមក​ផឹក​ជាមួយ ដោយ​កាន់​ស្រា​ផែនដី​ចំនួន ០១ ដប មក​ផឹក​ជាមួយ​ក្រុម​ជនសង្ស័យ។

នៅពេលនោះ​ស្រាប់តែ​មិត្តភក្ដិ​ជនសង្ស័យ បាន​ទាក់​ពាក្យសម្ដី​គ្នា​ជាមួយនឹង​ឈ្មោះ តែម ព្រមជាមួយ​ជនរងគ្រោះ ឃើញ​ដូច​នោះ​ជនសង្ស័យ​ក៏បាន​ប្រកែក និង​បបួល​ជនរងគ្រោះ​វាយ​គ្នា​តទល់ រួច​ពួកគេ​ក៏បាន​ប្រតាយប្រតប់​គ្នា ហើយ​ជនរងគ្រោះ​បាន​ទាត់​ត្រូវ​ជនសង្ស័យ ០១ ជើង ត្រូវចំ​ពងស្វាស។

លុះ​មកដល់​ពេល​កើតហេតុ​ខាងលើ ជនសង្ស័យ មានការ​ខឹងសម្បារ​នឹង​ជនរងគ្រោះ​ដែល​ទាត់​ត្រូវចំ​ខ្លួន ក៏បាន​ជិះ​ម៉ូតូ​ទៅយក​ដែក​មុខស្រួច (ដែកឆាប) ពី​ផ្ទះ​របស់​ឈ្មោះ ឈាង ណន មក​បបួល​ជនសង្ស័យ​វាយ​គ្នា​ម្ដងទៀត។

ពេលមកដល់​ជនសង្ស័យ​ក៏បាន​យក​ដែកឆាប​នោះ​ចាក់ទៅលើ​ជនរងគ្រោះ ចំនួន ០១ ដែកឆាប ចំ​ផ្នែក​ខ្នង បោះដៃផុត ចំហៀង​ខាងស្ដាំ បណ្ដាលឱ្យ​រងរបួស​ដួលសន្លប់​តែម្ដង។ រួចហើយ​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​តែ​ត្រូវ​អ្នកជិតខាង​នាំគ្នា​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច។ ចំណែក​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ដែកឆាប ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។ ឯ​ជនរងគ្រោះ​ដោយមាន​សភាព​ធ្ងន់ធ្ងរ​ត្រូវបាន បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ៕


Source: national-news

Comments