អ្នកជំងឺ​មហារីក​សុដន់ ៖ ការ​តាំងចិត្ត និង​កម្លាំងចិត្ត​ពី​គ្រួសារ​ គឺជា​រឿង​សំខាន់​បំផុត

0
7

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ការ​ទប់ទល់​ជាមួយ​ជំងឺមហារីក​សុដន់​ក្នុង​ពេល​កំពុង​ព្យាបាល និង​ក្រោយ​ពេល​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ ឬ​ចាក់​គីមី ឬ​ក៏​ពេល​វះកាត់ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​អ្នកជំងឺ ព្រោះ​អំឡុង​ពេល​នេះ​អ្នកជំងឺ​ត្រូវ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ច្រើន ប្រឈម​មានការ​ពិបាក ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ​ព្យាបាល ពិសេស​គឺ​ទាក់ទង​ទៅ​នឹង​ការ​បរិភោគ​អាហារ​ជាដើម​។ មាន​អ្នកជំងឺ​ជា​ច្រើន​តែងតែ​ត្អូញត្អែរ​អំពី​ផលវិបាក​នៃ​ការ​ប្រើប្រាស់​ថ្នាំ ក៏​ដូច​ជា​ការ​វះកាត់​យក​ដុំ​កាច (​ដុំ​មហារីក​) ជា​លើ​លើ​ដំបូង ដោយ​មាន​អ្នកជំងឺ​ខ្លះ​ក្អួតចង្អោរ ទទួលទាន​អ្វី​មិន​បាន វិលមុខ អស់កម្លាំង​ជាដើម ។

ស្ត្រី​ម្នាក់​វ័យ​៦៣​ឆ្នាំ ឈ្មោះ ស​.​ច​.​រ រស់នៅ​ទីក្រុង​ភ្នំពេញ និង​មានមុខរ​បរជា​គ្រូបង្រៀន បាន​និយាយ​ថា អ្នកស្រី​ផ្ទាល់ គឺ​កើត​ជំងឺមហារីក​សុដន់​នៅ​ដំណាក់កាល​ទី​២ ហើយ​ជឿជាក់​ថា អ្នកស្រី​កើត​ជំងឺ​នេះ គឺជា​ដំណរ​ពូជ ដោយសារ​តែ​ម្តាយ​របស់​អ្នកស្រី​ដែល​មាន​វ័យ​បច្ចុប្បន្ន​ដល់​៨៧​ឆ្នាំ ក៏​បាន​និង​កំពុង​ទទួល​រង​ជំងឺមហារីក​សុដន់ នៅ​ដំណាក់កាល​ទី​២ នេះ​ផង​ដែរ ។

​ជំងឺ​សុដន់​ជា​ដំណរ​ពូជ
អ្នកស្រី​បាន​បន្ត​ថា ៖ «​ភ្លាម​ៗ​ក្រោយ​ពី​ដឹង​ថា ម្តាយ​របស់ខ្ញុំ​មាន​ជំងឺមហារីក​សុដន់ ដំណាក់កាល​ទី​២ ខ្ញុំ​ពិតជា​ភ័យ​ខ្លាច​មែនទែន បើ​ទោះ​ពី​ជា​កន្លង​មក មិន​ដែល​ឃើញ​មាន​ប្អូន​ណា​ម្នាក់​របស់ខ្ញុំ​កើត​មាន​ជំងឺ​នេះ​ក្តី ។  យប់​មួយ​ដើមឆ្នាំ​នេះ ក្រោយ​ពី​ដឹង​ថា ម្តាយ​ខ្ញុំ​កើត​ជំងឺ​នេះ ខ្ញុំ​មុន​សម្រាក​បាន​ធ្វើការ​ស្ទាប​សុដន់ ស្រាប់តែ​ស្ទាប​ទៅ​មាន​អារម្មណ៍​ថា ប៉ះ​ដុំ​សាច់​ចម្លែក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ និង​យំ​ពេញ​មួយ​យប់​»​។

ក្រោយ​ពេល​ដឹង​ថា មាន​ដុំ​សាច់​នោះ​អ្នកស្រី​មិន​បង្អង់​យូរ​ឡើង ភ្លឺ​ឡើង​ភ្លាម អ្នកស្រី​បាន​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ឯកជន​ស្វែងរក​ជំងឺមហារីក ហើយ​ជា​លទ្ធផល​បាន​បញ្ជាក់​ថា អ្នកស្រី​កើត​មាន​ជំងឺមហារីក​សុដន់ ខណៈ​ពេល​នោះ​គ្រូពេទ្យ​ក៏​បាន​ណែនាំ​អ្នកស្រី​ឱ្យមក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ អ្នកស្រី ស .​ច​.​រ បាន​បន្ត​ថា អ្នកស្រី​ព្យាបាល​ជំងឺមហារីក​នេះ​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ បើ​គិត​ទៅ​ជិត​បាន​មួយ​ឆ្នាំ និង​ចំណាយ​អស់​ជាង ៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ ។

អ្នកស្រី  ស​.​ច​.​រ ដែល​ផ្តល់​បទ​សម្ភាសន៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​អះអាង​ថា​៖ «​ជំងឺ​នេះ គឺ​ពិតជា​កាច​សាហាវ ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​ពិបាក​លើស​ពី​ផល​ប៉ះពាល់​នៃ​ការ​ព្យាបាល គឺ​ថ្លៃ​ព្យាបាល​តែ​ម្តង ។ ថ្លៃ​ព្យាបាល គឺ​ពិតជា​អស់​ច្រើន​ណាស់ នេះ​សម្រាប់​ខ្ញុំ​ដែល​កើត​ជំងឺមហារីក​សុដន់​ដំណាក់កាល​ទី​២ និង​ទើបតែ​ព្យាបាល​មិន​ដល់​១​ឆ្នាំ​ផង គឺ​អស់​ជាង ៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ​» ។

​ការ​តាំងចិត្ត​ដោយ​ខ្លួនឯង កម្លាំងចិត្ត និង​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​គ្រូពេទ្យ ជា​ឱសថ​ទិព្វ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​!
នៅ​ពេល​សួរ​ថា តើ​អ្នកស្រី​ទទួល​ការ​ព្យាបាល​អ្វីខ្លះ ហើយ​អ្វី​ដែល​ជំរុញ​ឲ្យ​គាត់​តស៊ូ​យកឈ្នះ​ជំងឺមហារីក​សុដន់​នេះ អ្នកស្រី ស​.​ច​.​រ ប្រាប់​ថា ការ​សម្ងាត់​នោះ គឺ ៖ «​យើង​ជា​អ្នកជំងឺ​ផ្ទាល់ គឺ​ត្រូវ​តែ​រឹង​មាំ​ទាំង​ផ្នែក​ស្មារតី និង​កម្លាំងចិត្ត គឺ​ត្រូវ​តាំងចិត្ត​ថា យើង​អាច​ជំនះ​ឧបសគ្គ​នេះ​បាន ហើយ​អ្វី​ដែល​កាន់តែ​សំខាន់ គឺ​កម្លាំងចិត្ត ការ​លើកទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រួសារ ទាំង​កូន ទាំង​ប្តី ក៏​ដូច​ជា​ការពិគ្រោះ​យោបល់ និង​ការ​លើកទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​» ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ អ្នកស្រី​ក៏​បាន​ព្យាបាល​ជា​លើក​ដំបូង​ដោយ​ចាក់​ថ្នាំ​គីមី ហើយ​ក្នុង​រយៈពេល​នោះ​អ្នកស្រី​មាន​អាកា​រៈ​ដូច​ជា «​ចង់​ក្អួតចង្អោរ វិលមុខ ទទួលទាន​អ្វី​មិន​បាន​ដូច​ជា​មនុស្ស​ចាញ់កូន​»​។

អ្នកស្រី​បន្ត​ថា​៖ «​ទោះបីជា​មាន​អាកា​រៈទាំង​នេះ​ក៏​ពិតមែន តែ​ខ្ញុំ​មិន​ចុះចាញ់​ឡើយ គឺ​ខ្ញុំ​បាន​ជម្នះ​លើ​ផល​ប៉ះពាល់​ក្រោយ​ពី​ការ​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ​គីមី ។ ខ្ញុំ​ខំព្យាយាម​បរិភោគ​អាហារ និង​ផ្លែ​ឈើ និយាយ​រួម គឺ​បរិភោគ​គ្រប់យ៉ាង មិន​ព្រម​ចុះចាញ់​តាម​អាកា​រៈ​ដោយសារ​ថ្នាំ​នោះ​ឡើយ​» ។

អ្នកស្រី​បន្ត​ទៀត​ថា បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​អស់​មួយ​រយៈ សុដន់​ខាងឆ្វេង​របស់​អ្នកស្រី​ដែល​មាន​ដុំ​សាច់​មហារីក ប្រែ​ទៅ​ជា​ស្វិត​អស់ ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់​ថា សុដន់​ស្វិត​ក៏​ពិតមែន តែ​ដុំ​សាច់​កាច (​ដុំ​សាច់​មហារីក​) នោះ​នៅ​តែ​មិន​ព្រមទៅ​ណា​នៅឡើយ ។ ដូច្នេះ​អ្នកស្រី​ត្រូវ​តែ​ធ្វើការ​វះកាត់​យក​សុដន់​ទាំងមូល​នៅ​ខាងឆ្វេង​ចេញ គឺ​ប្រៀប​ដូច​ការ​ជីក​ទាំង​ឫស​ឲ្យ​អស់​តែ​ម្តង​។

អ្នកស្រី​បាន​រម្លឹក​ថា កាលពី​ពេល​កើត​មាន​ជំងឺមហារីក​សុដន់​ដំបូង​ៗ អ្នកស្រី​តែងតែមាន​អាកា​រៈ​ឈឺចាប់​នៅ​នឹងឆ្អឹងខ្នង និង​មានការ​ចុក​រោយ​ពេញ​ខ្លួនប្រាណ ប៉ុន្តែ​ក្រោយ​ពេល​ទទួល​ការ​វះកាត់​ហើយ អាកា​រៈទាំង​នោះ​ក៏​លែង​កើត​មាន​បន្ត​ទៀត ។ អ្នកស្រី​អះអាង​ថា ទម្លាប់​មួយ​ចំនួន​ដែល​ត្រូវ​តែ​ផ្លាស់​ប្តូរ​នោះ គឺ «​ដើម្បី​មាន​កម្លាំងកំហែង​ដាច់ខាត​ត្រូវ​តែ​ប្រឹង​បរិភោគ​អាហារ ជា​ពិសេស​បន្លែ​បៃតង ការ​ហាត់ប្រាណ និង​បរិភោគ​ត្រី​ឲ្យ​បាន​ច្រើន​»​។

លោក​វេជ្ជបណ្ឌិត ហែម រ៉ា​ឌី នាយ​រង​ផ្នែក​ជំងឺមហារីក​សុដន់ និង​ឯកទេស​ព្យាបាល​ជំងឺមហារីក​សុដន់​ដោយ​ការ​បាញ់​កាំរស្មី​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែ​-​សូ​វៀត បានដឹង​ថា អ្នកស្រី ស​.​ច​.​រ នេះ កើត​មាន​ជំងឺមហារីក​សុដន់​ក្នុង​ដំណាក់កាល​ទី​២ ជា​ដំណាក់កាល​អាច​ព្យាបាល​បាន​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​អ្នកជំងឺ​មិន​ត្រូវ​ចុះចាញ់​នឹង​ភ័យ​ខ្លាច​ចំពោះ​ការ​ព្យាបាល​ដូច​ជា​អ្នកជំងឺ​រូប​នេះ ។ ទោះបីជា​អ្នកជំងឺ​មហារីក​សុដន់ ជា​ទូទៅ​ទទួល​ការ​វះកាត់​ដោះ​ទាំងមូល ឬ​ផ្នែក​ណាមួយ​នៃ​សុដន់​ក៏​ដោយ អ្នកជំងឺ​ចាំបាច់​ត្រូវ​នៅ​បន្ត​ទទួល​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ និង​តាមដាន​ជំងឺ​បន្តបន្ទាប់​ទៀត រហូត​ដល់​៧​ឆ្នាំ ទើប​ខាង​គ្រូពេទ្យ​យើងខ្ញុំ អាច​បញ្ជាក់​ថា ជំងឺ​នេះ​ពិតជា​លែង​កើត​មាន​បន្ត​ទៀត​ចំពោះ​អ្នកជំងឺ​»​។

លោក​វេជ្ជបណ្ឌិត ហែម រ៉ា​ឌី ក៏​បាន​សំ​ណូ​រ​ពរ​ឱ្យ​អ្នកជំងឺ​មហារីក​ទាំងអស់ «​កុំ​ចុះចាញ់ ពិសេស​កុំ​ទន់ជ្រាយ ត្រូវ​តែ​តស៊ូ​ប្រឆាំង​នឹង​ផលវិបាក​ដែល​កើត​មាននៅ​ពេល​កំពុង​ព្យាបាល ព្រោះ​ផលវិបាក​នេះ មាន​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​លែង​ជា​បញ្ហា​សម្រាប់​អ្នកជំងឺ​ទៀត​»៕



The post អ្នកជំងឺ​មហារីក​សុដន់ ៖ ការ​តាំងចិត្ត និង​កម្លាំងចិត្ត​ពី​គ្រួសារ​ គឺជា​រឿង​សំខាន់​បំផុត appeared first on Koh Santepheap Daily.

Source: service-news

Comments