ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ស្មានតែ​ថតកុន តាមពិត ក្មេងស្ទាវ២ក្រុម ប្រដាប់​ដោយ​ដាវ​សាម​ម៉ូ​រ៉ៃ ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ឃាត់ខ្លួន៤នាក់

0
6

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១ យប់ ឈានចូល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧  យុវជន៤នាក់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​មាន​ករណី​ក្មេង​ស្ចា​វ២ក្រុម ប្រដាប់​ដោយ​ដាវ​សាម​ម៉ូ​រ៉ៃ ដេញ​វាយ​គ្នា បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ម្តុំ​ផ្សារ​កុងតឺន័រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យុវជន​ទាំង៤នាក់ ទី១. ឈ្មោះ ហេង ប្រណី ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​ជា​សិស្ស បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទី២. ឈ្មោះ លឹម ជូ​លី ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី៣. ឈ្មោះ រី សា​បុត្រ ភេទ​ប្រុស អាយុ១៩ឆ្នាំ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី៤. ឈ្មោះ សឿង សិលា អាយុ២៧ឆ្នាំ មុខរបរ​នៅផ្ទះ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

មុន​ឈានដល់​ឃាត់ខ្លួន​យុវជន​ទាំង៤នាក់ គឺមាន​ក្មេង​ស្ចា​វ២ក្រុម មាន​ទាំងប្រុស ទាំងស្រី ប្រដាប់​ដោយ​ដាវ​សាម​ម៉ូ​រ៉ៃ បានធ្វើ​សកម្មភាព​វាយតប់​គ្នា បង្ករ​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ផ្លូវបំបែក ក្បែរ​ផ្សារ​កុងតឺន័រ ខណៈពេល​នោះ សមត្ថកិច្ច​ក៏​ប្រទះឃើញ យុវជន១ក្រុម ជិះ​ម៉ូតូ៣ទៅ៤គ្រឿង ជិះ​ដេញ​ពី​ហ្វូង​ក្រុម​ក្មេង​ស្ចា​វ​ទាំងអស់នោះ ភ្លាមៗនោះ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ដេញតាម​ឃាត់​បាន យុវជន៤នាក់​ខាងលើ ដែល​ជិះ​ម៉ូតូ២គ្រឿង មាន​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GK- 9235 ឌុប​គ្នា២នាក់ ចំណែក១គ្រឿ​ទៀត​ម៉ាក ហុងដា​ឌ្រី​ម សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO- 6175 ឌុប​គ្នា២នាក់ ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​សួរនាំភ្លាមៗនៅ​និង​កន្លែង​តែម្តង ។

ខណៈពេល​សមត្ថកិច្ច​សួរនាំ​នៅ​កន្លែងកើតហេតុ ក៏មាន​យុវជន​ម្នាក់ ក្នុងចំណោម​នោះ បានចេញ​មុខមក​បក​ស្រាយ​ថា ពួកគាត់​មិនមែនជា​អ្នក​រ៉ៃ​គ្នា​នោះទេ មុនពេល​កើតហេតុ ពួកគាត់​មាន​គ្នា៤នាក់ ជិះ​ម៉ូតូ២គ្រឿង បាន​ជិះ​ទៅ​ទិញ​ផ្លែឈើ នៅ​ម្តុំ​ណា​ហ្គ៉ា​វើ​ល ខណៈពេល​ទិញ​រួច បាន​ជិះ​ចេញ​បំរុង​ទៅផ្ទះ លុះ​មកដល់​ចំណុច​ផ្លូវបំបែក ក្បែរ​ផ្សារ​កុងតឺន័រ ក៏​ឃើញ​ក្មេង​ស្ចា​វ​មួយក្រុម​មាន​គ្នា៦ទៅ៧ម៉ូតូ ដេញតាម​រ៉ៃ យុវជន២ម៉ូតូ ហើយ​ស្រែក​អោយឈប់ៗ ភ្លាមៗនោះ ពួកគាត់​ក៏បាន​ឈប់ ស្រាប់តែ​ក្មេង​ស្ចា​វ​មួយក្រុម​នោះ នាំគ្នា​មក​ដេញ​រ៉ៃ​ពួកគាត់​វិញ ដោយ​ឃើញ​សភាព​នេះ ពួកគាត់ ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់គេច ចូល​មកអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ប៉ុន្តែ​សមត្ថកិច្ច​បែរជា​ចោទ​ពួកគាត់​ថា ជា​អ្នក​រ៉ៃ​គេ​ទៅវិញ ។

បច្ចុប្បន្ន​យុវជន​ទាំង៤នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់ ធ្វើការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​សិន ដើម្បី​សួរនាំ​ដើមហេតុ​នៃ​រឿង និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​ចាប់​ជនដៃដល់ យកមក​ដាក់ទោស​តាម​នីតិ​វីធ​ច្បាប់៕

 

Source: national-news

Comments