លោក ធាន វុទ្ធី បាន​បដិសេធ មិន​ទទួលស្គាល់ រូប​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ព្រះវររាជបិតា​ព្រះ​ចក្រ​វា​ឡ ជា​ព្រះ​ដ៏​មានបុណ្យ ដោយមាន​ពាក់​ម្កុដ អង្គុយ​លើ​បា​ល័​ង្គ ថា​ជា​រូប​របស់លោក​ឡើយ

0
9

ភ្នំពេញ ៖ នៅ​ថ្ងៃទី១២ តុលា ២០១៧ នេះ លោក ធាន វុទ្ធី បាន​បដិសេធ មិន​ទទួលស្គាល់ រូប​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ព្រះវររាជបិតា​ព្រះ​ចក្រ​វា​ឡ ជា​ព្រះ​ដ៏​មានបុណ្យ ដោយមាន​ពាក់​ម្កុដ អង្គុយ​លើ​បា​ល័​ង្គ ថា​ជា​រូប​របស់លោក​ឡើយ ហើយ​លោក​ក៏​មិនដែល​ប្រាថ្នា​ចង់​លើកខ្លួន​ជា​ព្រះ​នោះឡើយ ។

នៅក្នុង​ទឹកដី​ខេត្តតាកែវ លោក ធាន វុទ្ធី បាន​បដិសេធ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ថា ចំពោះ​ការចោទប្រកាន់​ទាំងឡាយ ដែល​អះអាងថា លោក​បាន​តាំងខ្លួន​ជា​ព្រះមហាក្សត្រ ដែល​សូម្បីតែ​គិត​ក៏​លោក​គ្មាន​ដែរនោះ។

លោក ធាន វុទ្ធី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ចំពោះ ធាន វុទ្ធី នេះ​មិនដែល​នឹកថា​ចង់ សូម្បីតែ​ធ្វើ​ប្រធានភូមិ​ក៏​អត់​ដែរ កុំថាឡើយ​រហូត​ទៅដល់​ហ្នឹង (ព្រះមហាក្សត្រ)។ ប្រសិនជា​ធ្វើ​វិញ ចង់​ប្រាថ្នា​ជា​ព្រះ ឲ្យ​ចាក​ផុត​ទុក្ខ ចង់​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ប៉ុណ្ណោះ មិន​ចង់បាន​ទៅជា​ស្តេច ជា​អ្វី​នោះទេ ពីព្រោះ​ពុំមាន​សេចក្តីប្រាថ្នា សូម្បីតែ​គិត។ ខ្ញុំ​សុំ​មិន​ទទួលស្គាល់​ទេ អត់​តែ​គិត​ចឹ​ង​ទេ»

រឿង២ផ្សេងគ្នា កំពុង​ល្បីល្បាញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទី១នោះ នៅ​ខេត្តតាកែវ មាន​បុគ្គល​ម្នាក់​ឈ្មោះ ធាន វុទ្ធី ធ្លាប់​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេត្រី នៅ​វត្ត​ទួល​ព្រះរាជា ស្រាប់តែ​បាន​លេចមុខ​ចេញមក​វិញ ដោយមាន​អ្នកចូលរួម​ហែ​កឋិនទាន​យ៉ាង​គគ្រឹកគគ្រេង បាន​ហៅ​លោក ធាន វ​ទ្ធី ថា ជា​ព្រះអរហន្ត។ ចំណែកឯ​រឿង​ទី២វិញ ទំនងជា​នៅ​ខេត្តសៀមរាប មាន​រូបថត​ប៉ុន្មាន​សន្លឹក​និង​វីដេអូ របស់​បុរស​ម្នាក់ បានបង្ហាញ​ការ​ស្លៀកពាក់​របៀប​ដូច ព្រះមហាក្សត្រ ហើយ​តាំងខ្លួន​ជា ព្រះវររាជបិតា​ព្រះ​ចក្រ​វា​ឡ ជា​ព្រះ​ដ៏​មានបុណ្យ និង​មាន​ស្ត្រី​ម្នាក់​អង្គុយ និង​ស្ត្រី​ឈរ​អម ដោយបាន​តាំងខ្លួន​ថា ជា​ព្រះ​ម៉ែ​ដែរ ព្រមទាំង​អ្នកចូលរួម​ផ្សេងទៀត មាន​ទាំង​ព្រះ​អរិយសាវ័ក អរិយសាវិកា​ទៀតផង។

ថ្មីៗនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ នៅលើ​ទឹកដី​នៃ​ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជាទី​កន្លែង​ដែល​លោក ធាន វុទ្ធី បាន​កសាង​ព្រះ​ពុទ្ធបដិមាធំៗយ៉ាងច្រើន នៅលើ​ផ្ទៃដី​ជាច្រើន​ហិកតា ដែលមាន​អ្នកចូលរួម​ហែ​អង្គ​កឋិនទាន សុទ្ធតែ​ស្លៀក​ស ពាក់​ស មាន​ចំនួន​ជិត១ពាន់​នាក់ និង​អ្នក​ចូលរួមបាន​ប្រសិទ្ធ​នាម​ឱ្យ​លោក ធាន វ​ទ្ធី ថា ព្រះអរហន្ត ដែល​ត្រាស់ដឹង​នៅ​លើក​ទឹកដី​ខេត្តតាកែវ ថែមទៀត ។

ជាមួយគ្នានេះដែរ​ស្រាប់តែ​លេចចេញ​បុរស​ម្នាក់ទៀត បានប្រកាស និង​តាំងខ្លួន​ថា ជា​ព្រះ​វ​រាជបិតា​ព្រះ​ចក្រ​វា​ឡ ជា​ព្រះ​ដ៏​មានបុណ្យ ព្រមទាំង​បង្ហោះ​រូបភាព​និង​វីដេអូ គេ​ឃើញ​មាន​មនុស្ស​មួយចំនួន​ដង្ហែ​អម ឬ​ឈរ​អម និង​ក្រាបបង្គំ​ផង​នោះ ដោយមាន​ទាំង​កន្លែង​រៀបចំ​ជា​រាជបល្ល័ង្ក​សម្រាប់​សោយរាជ្យ ទៀតផង ដែល​មើលទៅ​ហាក់បីដូចជា​អស្ចារ្យ​ក្រៃលែង ។

មហាជន​មិនដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​មាន​ចំណាត់ការ​បែបណា​នៅឡើយ​ទេ ? ប្រសិនបើ​នៅ​ប្រទេសជិតខាង ប្រហែល​មិន​ដល់​មួយ​ម៉ោង​ផង ដេក​គុក​ហើយ អ្នក​តាំងខ្លួន​ជា​ស្តេច ប្រមាថ​ព្រះ​ចេស្តា បែបនេះ ។ ចាំមើល​វាសនា​ព្រះមហាក្សត្រ​ក្លែងក្លាយ​នេះ អាច​នឹង​យាង​ទៅ​សោយរាជ្យ នៅ​គុក​ព្រៃ​ស ឬ​យ៉ាងណាទេ ? ៕

 

Source: national-news

Comments